ទេព អាណាន់​ ស្ងាត់ពីសិល្បៈឈឹងតាមពិតកំពុងតែសំងំកើបលុយលើរបរនេះសោះ

ភ្នំពេញ ៖ ជាការពិតណាស់ដែលបើរំឭកកាលពីអំឡុងឆ្នាំ ២០០៥ មហាជនប្រាកដជានៅចាំបាននៅឡើយតារាចម្រៀងប្រចាំផលិតកម្មរស្មីស្ទឹងសង្កែ គឺលោក ទេព អាណាន់ ដែលជាតារាចម្រៀងប្រុសមួយរូបល្បីឈ្មោះតំណាលគ្នានឹងតារាចម្រៀង លោក ហង្ស ឧត្តមមុន្នី លោក សេន រ៉ានុត និង លោក ប៊ូ វិចិត្រ ជាដើម។កាលនោះ លោក ទេព អាណាន់ មានបទចម្រៀងល្បីៗជាច្រើននៅក្នុងផលិតកម្មរស្មីស្ទឹងសង្កែ ដូចជាបទ «រន្ធត់ញាប់ញ័រ» បទ «បេះដូងខ្ទេចខ្ទាំ» បទ «ចាញ់បាល់»​ និង បទជាច្រើនទៀត។

ដោយឡែកទៀតសោត លោក ទេព អាណាន់ ក៏ជាសមាជិកក្រុមចម្រៀងផ្នែកបុរសល្បីឈ្មោះក្នុងផលិតកម្មរស្មីស្ទឹងសង្កែ ឈ្មោះថា «RSK» ទៀតផង។ជាក់ស្ដែងផងដែរនោះក្រោយពីសាងកេរ្តិ៍ឈ្មោះក្នុងផលិតកម្មរស្មីស្ទឹងសង្កែជាច្រើនឆ្នាំ លោក ទេព អាណាន់ ក៏បានឈប់ច្រៀងក្នុងផលិតកម្មខាងលើ និង ក្លាយទៅជាតារាចម្រៀងឯករាជ្យ ដោយលោកបានចេញបទចម្រៀងទោលជាច្រើនបទ និង ធ្វើជាពិធីករក្នុងកម្មវិធីនានាផងដែរ។

បច្ចុប្បន្ន លោក ទេព អាណាន់ ហាក់ស្ងប់ស្ងាត់លើឆាកតន្ត្រីក្នុងកម្មវិធីទូរទស្សន៍នានា ដោយលោកបានរៀបការមានកូនស្រី ១ រូបហើយ។ ជាងនេះទៅទៀត លោក ទេព អាណាន់ ក៏កំពុងប្រកបរបរបើកក្រុមហ៊ុនបញ្ញើអីវ៉ាន់មួយនៅក្នុងខេត្តកំពត៕ប្រភព៖popular