អាសូរណាស់! នាយក្តិប ពេលនេះធ្លាក់ខ្លួនឈឺធ្ងន់ នៅតែលើកន្ទេលគ្មានធ្វើអ្វីបាន

ភ្នំពេញ ៖ ជាការពិតណាស់ដូចដែលប្រិយមិត្តបានជ្រាបរួចមកហើយតារាកំប្លែងរៀមច្បង កាលពីជំនាន់មុនៗ ដោយមាន នាយក្រឹម នាយកុយ នាយវីតាមីនសេ នាយសង់ស៊ីស នាយសានម៉ៅ នាយក្តិប នាងសាឡាឡា នាងគ្រត នាងកាឆយ យាយអឿន យាយយយ និង តារាកំប្លែងល្បីៗរួមជំនាន់ជាច្រើនទៀត ដោយនៅពេលពួកគាត់បានប៉ះគ្នាសម្តែងនៅលើឆាកម្តងៗ តែងតែបង្កការផ្ទុះសំណើចដល់អ្នកគាំទ្រសើចចុកពោះមិនស្ទើរទេ។ដោយឡែកទៀតសោត មកទល់ពេលនេះ តារាកំប្លែងខាងលើលែងបានជួបជុំគ្នាទៀតហើយ ដោយអ្នកខ្លះក៏នៅតែបន្តអាជីពកំប្លែងដូចដើម ខ្លះបានទៅរស់នៅក្រៅប្រទេស ខ្លះទៀតចាស់ជរា ហើយខ្លះទៀតក៏បានបាត់បង់ជីវិតផងដែរ។

ដោយឡែកទៀតសោត ដូចជាតារាកំប្លែងសក់រួញអង្គារដី ដែលតែងនាំយកសំណើចដល់អ្នកទស្សនាគឺ នាយក្តិប ក៏ត្រូវបានបញ្ឈប់អាជីពជាតារាកំប្លែងទាំងស្រុង ដោយលោកមានជំងឺប្រចាំកាយ ស្លាប់មួយចំហៀងខ្លួនផងដែរ។ថ្មីៗនេះដែរ បើតាមការបង្ហោះរូបភាពនៅលើផេកផ្លូវការរបស់សមាគមមិត្តសិល្បៈស្ម័គ្រចិត្តជួយសង្គម បានបង្ហោះរូបភាពនៃការចែកអំណោយ និង ថវិកាប្រចាំខែជូនដល់តារាកំប្លែងចាស់ជរា ដោយក្នុងនោះរូបភាពមួយសន្លឹករបស់ នាយក្តិប បានធ្វើឱ្យមហាជនមានការតក់ស្លុតយ៉ាងខ្លាំង។

រូបភាពមួយសន្លឹករបស់ នាយក្តិប នាពេលបច្ចុប្បន្ននេះ គឺហាក់ខុសគ្នាដាច់ពីលោកពីមុន ពោលគឺលោកស្គម ស្លេកស្លាំង និង មានទឹកមុខមិនស្រស់បស់នោះឡើយ។យ៉ាងណាក៏ដោយ មហាជនអ្នកលេងបណ្តាញសង្គមហ្វេសប៊ុកជាច្រើន ក៏បានជូនពរដល់អតីតតារាកំប្លែង នាយក្តិប ឱ្យមានសុខភាពប្រសើរឡើងជាងមុនផងដែរ៕ប្រភព៖popular