អ្នកស្រី កែវ មន្ថា អតីតតារាសម្ដែងល្បីឈ្មោះខ្លាំងជំនាន់មុន ពេលនេះកំពុងសំងំរស់នៅក្នុងងារជាជំទាវ

ភ្នំពេញ ៖ ជាការពិតណាស់ដូចដែលប្រិយមិត្តបានជ្រាបរួចមកហើយថា ធ្លាប់ឮឈ្មោះអ្នកស្រី កែវ មន្ថា រួចមកហើយ ដោយអ្នកស្រីគឺជាតារាភាពយន្តដ៏ល្បីល្បាយមួយរូបប្រចាំប្រទេសកម្ពុជា កាលពីជំនាន់ទសវត្សរ៍ឆ្នាំ ៦០-៧០ ជំនាន់ជាមួយអ្នកស្រី ឌី សាវ៉េត អ្នកស្រី វីរៈ តារា ជាដើម ។យ៉ាងណាមិញ អស់រយៈពេលជាច្រើនឆ្នាំមកនេះ អ្នកស្រី កែវ មន្ថា បានលាឈប់ពីវិស័យសិល្បៈហើយ ដោយបន្សល់ទុកនៅតែឈ្មោះ និង ស្នាដៃសម្តែងក្នុងរឿងជាច្រើនជាកេរដំណែលប៉ុណ្ណោះ ។ ឃ្លាតឆ្ងាយពីវិថីសិល្បៈពិតមែន ប៉ុន្តែអ្នកស្រី កែវ មន្ថា មិនបានចាកចេញទៅរស់នៅក្រៅប្រទេសដូចបណ្តាមិត្តរួមជំនាន់មួយចំនួននោះឡើយ

ដោយអ្នកស្រីនៅតែរស់នៅក្នុងប្រទេសកម្ពុជាដដែល ។ជាក់ស្ដែងផងដែរនោះអ្វីដែលគួរឱ្យចាប់អារម្មណ៍ បើតាមការទម្លាយពីទំព័រផេករបស់អ្នកនាង ស៊ិន ឧត្តមផល្លា គឺ Movie Star Research បានឱ្យដឹងថា ខណៈកំពុងរស់នៅក្នុងប្រទេសកម្ពុជានេះ អ្នកស្រី កែវ មន្ថា ក៏មានឋានៈជាលោកជំទាវម្នាក់ផងដែរ និង កំពុងរស់នៅយ៉ាងសេចក្តីសុខក្នុងជីវភាពមួយយ៉ាងសាមញ្ញ ។គួរឱ្យដឹងដែរថា អ្នកស្រី កែវ មន្ថា

គឺតារាភាពយន្តអតីតម្ចាស់ពានរង្វាន់អប្សរាប្រចាំឆ្នាំ ១៩៦៤ ប្រទានដោយព្រះបាទសម្តេច ព្រះនរោត្តមសីហនុ តាមរយៈខ្សែភាពយន្តមួយរឿងដ៏ល្បីល្បាញលំដាប់ថ្នាក់ជាតិ គឺរឿង «សង្សារឧត្តមដួងចិត្ត» ដែលមានអមដោយចម្រៀងបទ «ខ្យល់កំពូលភ្នំ» បកស្រាយដោយអ្នកស្រីផ្ទាល់ ។រឿងល្បីៗដែលអ្នកស្រីបានសម្តែងរួមមាន រឿង «ព្រះរាមចូលកោដ្ឋបញ្ឆោតសីតា» «ព្រះគោព្រះកែវ» «ទឹករាំផ្ការាំ» «ប្រាសាទនាងខ្មៅ» «សុគន្ធថោង» «ចិត្តម្តាយ ឬ គូកម្មទេបង» «ពូជមួយត្រួយពីរ» និង រឿងល្បីៗជាច្រើនទៀត ក្នុងនោះក៏មានបទចម្រៀងដែលបកស្រាយដោយអ្នកស្រីផ្ទាល់ថែមទៀត ដូចជា បទ «មួលភ្លៅ» «មិនយកទេប្តីចាស់» «គេហើយនិងបង» «ថើបមកចុះ» «ម្ចាស់ចិត្តស្នេហ៍» «ប្រហារដួងចិត្ត» និង បទចម្រៀងជាច្រើនទៀត ៕ប្រភព៖popular