គង់ សង្វាដានី ឃ្លាយឆ្ងាយពីសិល្បៈយូរឆ្នាំមានគ្រួសារកូន ២ ទៅហើយសម្រស់នៅតែសង្ហារដដែល

ភ្នំពេញ ៖ ជាការពិតណាស់ដែលបើរំឭកទៅកាន់ពេលវេលាប្រមាណជាជាង ១៥ ឆ្នាំមុន មហាជនគាំទ្រផលិតកម្ម SSB ប្រាកដជាធ្លាប់បានស្គាល់មកហើយនូវតារាចម្រៀងយុវវ័យ លោក គង់ សង្វាដានី ដែលជាប្អូនប្រុសបង្កើតរបស់ពិធីការិនី គង់ សុជាតិ។កាលជំនាន់នោះ គេចាំបានថាចម្រៀងជាច្រើនបទរបស់លោក គង់ សង្វាដានី គឺទទួលបានការគាំទ្រយ៉ាងខ្លាំងពីសំណាក់មហាជន ជាពិសេសស្រទាប់យុវវ័យតែម្តង ដោយបទចម្រៀងនោះមានដូចជា «មិនបានត្រៀមចិត្ត» បទ «ប្រចណ្ឌ» បទ «Good Night» បទ «ដួងចិត្តឯកា» និង ចម្រៀងជាច្រើនបទទៀត។

ក្រោយពីបានសាងកេរ្តិ៍ឈ្មោះត្រឹមរយៈពេលខ្លី លោក គង់ សង្វាដានី បានបញ្ចប់អាជីពក្នុងវិថីសិល្បៈ និង ចាប់ផ្តើមចាប់យកជំនាញថតរូបវិញ។ដោយឡែកទៀតសោត ក្នុងអំឡុងឆ្នាំ ២០១៦ តារាប្រុសរូបនេះ ក៏បានបញ្ចប់ភាពនៅលីវ រៀបការជាមួយភរិយាដ៏ស្រស់ស្អាត ដោយសព្វថ្ងៃលោក និង ភរិយាទទួលបានចំណងដៃកូនស្រី ២ រូប ហើយ។ លើសពីនោះ លោក និង ភរិយា បានបើកមុខរបរផ្ទាល់ខ្លួន ដោយមានដូចជាហាងកាហ្វេ និង ហាងនំខេកទៀតផង។

បើនឹកកាលពីពេលវេលារបស់លោក គង់ សង្វាដានី ដែលនៅជាតារាចម្រៀងពេញនិយមប្រចាំផលិតកម្ម SSB នោះ លោកក៏ត្រូវរាប់បញ្ជូលជាតារាប្រុសមួយរូប ដែលស្រស់សង្ហា និង មានអ្នកគាំទ្រនារីៗបាក់ចិត្តស្រឡាញ់លោកមិនតិចនោះទេ ព្រោះកាលនោះលោក គង់ សង្វាដានី តែងតែលេងស្ទីលតុបតែងខ្លួន និង ម៉ូដសក់ស្អាតៗស័ក្តិសមនឹងមុខមាត់ដ៏ស្រស់សង្ហាលោក។ជាក់ស្ដែងផងដែរនោះមកដល់ពេលនេះ បើមានវ័យខ្ទង់ ៣០ ឆ្នាំក្រាស់ និង បានរៀបការសាងគ្រួសារមានកូន ២ ហើយក្តី ក៏លោក គង់ សង្វាដានី នៅតែស្រស់សង្ហារហូតមានអ្នកគាំទ្រពោលថា៖ «គង់ សង្វាដានី មានប្រពន្ធ មានកូនហើយ កាន់តែសង្ហាជាងកាលនៅកំលោះទៀត»៕ប្រភព៖popular