រំឮករឿងកាលពីមុន ពាក់មី អរគុណដល់ម្តាយក្មេកដែលជួយចេញថ្លៃទឹកដោះជាងពាក់កណ្តាល បង្គ្រប់លុយដណ្តឹងកូន

26

ភ្នំពេញ ៖ ជាការពិតណាស់ដែលតារាកំប្លែងល្បីឈ្មោះលោក ចែម ចាន់រ៉ា ហៅនាយ ពាក់មី ដែលមហាជនប្រាកដជាបានជ្រាបហើយថា លោកកាន់តែទទួលបានប្រជាប្រិយភាពខ្លាំងឡើងជាមួយនឹងទេពកោសល្យរបស់លោកជាច្រើនក្នុងវិស័យសិល្បៈ ។តារាបំប្លែងប្រុសដែលបានកែប្រែវាសនារបស់ខ្លួនពីកម្មករសំណង់រហូតក្លាយជាអ្នកសិល្បៈដ៏ជោគជ័យ និង បច្ចុប្បន្នកំពុងតែទទួលបានភាពជោគជ័យក្នុងមុខជំនួញផ្ទាល់ខ្លួនរូបនេះ កាន់តែធ្វើឱ្យជីវិតគ្រួសាររបស់លោកមានភាពធូរធារខ្លាំងឡើង និង ពោរពេញដោយសុភមង្គលផងដែរ ។

ជាក់ស្ដែងផងដែរនោះខណៈជីវភាពកាន់តែធូរធារ នាយ ពាក់មី ក៏ពុំដែលភ្លេចជួយជ្រោមជ្រែងដល់បងប្អូនសាច់ញាតិនោះឡើយ ដោយកន្លងមកនាយបានជួយបងប្អូនឱ្យមានការងារធ្វើ ជួយសង់ផ្ទះជូនឪពុកម្តាយឯស្រុកកំណើត និង ថ្មីៗនេះទៀត ក៏ទើបតែជួយផ្តល់លុយកាក់សាងសង់ផ្ទះជូនម្ដាយក្មេក ឱ្យបានលំនៅស្ថានសមរម្យទៀតផង ។អ្វីដែលចាប់អារម្មណ៍ជាមួយនឹងការផ្ដល់ជូននេះ នាយ ពាក់មី ក៏បានបង្ហោះសារមួយឃ្លារំឭកពីអតីតកាលគួរឱ្យរំជួលចិត្តមួយផងដែរ ដោយសារនោះ នាយ ពាក់មី បានរៀបរាប់ពន្លេចពីពេលដែលលោកបានចូលស្តីដណ្តឹងប្រពន្ធ ដោយម្តាយក្មេកបានបង្គាប់ថ្ងៃបណ្ណាការចំនួន ៥០០ ដុល្លារ ប៉ុន្តែដោយសារលោករកលុយអត់គ្រប់ ម្តាយក្មេកក៏បានជួយចេញ ៣០០ ដុល្លារបង្គ្រប់ និង បានរៀបការកូនឱ្យ ។

សារនោះលោកបានរៀបរាប់ថា៖ «ចាក់ជណ្តើរផ្ទះម៉ែក្មេក ធ្វើជូនម៉ែក្មេក ដើម្បីអរគុណគាត់ កាលចូលស្តីដណ្តឹងកូនគាត់ គាត់យកតែ 500$ ទេ តែពេលខ្ញុំរកលុយអត់បាន គាត់ជួយចេញ 300$ ឱ្យការ កម្សត់អត់បងប្អូន ? ឥឡូវប្រពន្ធមុខចាស់ជាងម៉ែទៀត» ។ភ្ជាប់ជាមួយសារដ៏មានន័យ បានបង្ហាញឱ្យឃើញថាតារាកំប្លែងរូបនេះ ហាក់ស្រឡាញ់ដឹងគុណចំពោះឪពុកម្ដាយណាស់ ពិតគួរឱ្យសរសើរ ។ យ៉ាងណាមិញ បើងាកទៅមើលមហាជនវិញ ម្នាក់ៗហាក់មានសេចក្ដីភើបចំពោះប្រពន្ធនាយ ពាក់មី ដែលមានសំណាងបានធ្វើជាប្ដី ដោយហេតុថា នាយ ពាក់មី តែងតែជួយទំនុកបម្រុងទាំងអស់មិនថាគ្រួសារខ្លួន ឬ ខាងម្ដាយក្មេកនោះទេ ៕ប្រភព៖popular.