អីយ៉ាស! Pey Pey Dy ល្បីឈ្មោះដល់អាហ្រ្វិកខាងត្បូងក្រោយសារភាពស្នេហ៍ទៅកាន់ Jimin

ភ្នំពេញ ៖ ជាការពិតណាស់ដែលមហាជននៅក្នុងប្រទេសកម្ពុជាសុទ្ធតែស្គាល់ហើយថា​ លោក Pey Pey Dy គឺជាតារាកំប្លែង និងបានដឹកនាំក្រុមរបស់ខ្លួន សម្ដែងរឿងភាគកំប្លែងខ្លីៗចែកជូនទៅដល់ប្រិយមិត្តបានទស្សនាកម្សាន្ត។ Pey Pey Dy មានឈ្មោះល្បីល្បាញជាខ្លាំង និងទទួលបានការស្រលាញ់គាំទ្រពីសំណាក់មហាជន ពិសេសយុវវ័យតែម្ដង។ អ្វីដែលគួរឲ្យចាប់អារម្មណ៍ជាងគេ តារាកំប្លែងរូបនេះ គឺជាអ្នកគាំទ្រដ៏ធំរបស់ក្រុមតារាចម្រៀង Kpop ល្បីល្បាញលំដាប់ពិភពលោក BTS ។

ហើយដែលសំខាន់នោះគឺ លោកស្រលាញ់សមាជិកម្នាក់ខ្លាំងជាងគេ ឈ្មោះ Park Jimin ។លោក Pey Pey Dy តែងតែបើកបង្ហាញពីការគាំទ្រ ស្រលាញ់ពេញចិត្តរបស់ខ្លួនទៅកាន់សមាជិកតារាកូរ៉េរូបនេះជានិច្ច មិនតែប៉ុណ្ណោះ លោកធ្លាប់បានទៅចូលរួមក្នុងការប្រគំតន្ត្រីរបស់ BTS កាលពីឆ្នាំ ២០១៩ ផងដែរ។ជាក់ស្ដែងផងដែរ កាលពីពេលកន្លងទៅនេះ លោកបានតុបតែងខ្លួនដូចទៅនឹង Jimin តាំងពីពណ៌សក់ សម្លៀកបំពាក់ ថែមទាំងទម្រង់មុខរបស់ Pey Pey Dy ស្រដៀងនឹងអាយដលខ្លួនទៀតផង។ ថ្មីៗនេះ Pey Pey Dy បានធ្វើឲ្យកក្រើកដល់អ្នកគាំទ្ររបស់ BTS (ARMY) នៅឯអាហ្វ្រីកខាងជើង។

ដោយនៅពេលដែលអ្នកគាំទ្ររូបនេះបានចូលរួមនៅក្នុង កម្មវិធី 3FUN ពិធីករបានសួរសំណួរមួយឲ្យលោកជ្រើសរើស បន្ទាប់មក Pey Pey Dy បានសារភាពយ៉ាងចំៗថា ស្រលាញ់តែ Jimin មិនត្រឹមតែប៉ុណ្ណោះទេ លោកសារភាពជាភាសាកូរ៉េទៀតផង។ ដែលសកម្មភាពនេះបានកក្រើកនៅក្នុងបណ្ដាញសង្គមយ៉ាងខ្លាំង ធ្វើឲ្យល្បីដល់អ្នកគាំទ្ររបស់ BTS (ARMY) នៅឯអាហ្វ្រីកខាងជើង នាំគ្នាចែកចាយ បង្ហោះបន្ដជាបន្ដបន្ទាប់។ ចំណែកឯហ្វេនៗ (ARMY) នៅខ្មែរក៏រំភើបណាស់ដែរ ថែមទាំងរំពឹងថា លោក Pey Pey Dy អាចមានឪកាសលេចមុខក្នុងបណ្ដាញព័ត៌មានរបស់កូរ៉េទៀតផង៕ប្រភព៖khmerload