Miss Grand ថៃ ប្រកាសជំហរសុខចិត្តដើរចូលគុក ក៏មិនព្រមចុះញ៉មអ្នកណា ក្រោយនាងទទួលបានដីកាកោះហៅ

ថៃ ៖ ជាការពិតណាស់ដែលចាប់តាំងពីមានការរីករាលដាលនៃជំងឺកូវីដ-១៩ ក្នុងប្រទេសថៃមក បវរកញ្ញាថៃនាង Nam patcharaporn Chantarapadit ហាក់មិននៅស្ងៀមមួយថ្ងៃណានោះឡើយ ពោលគឺនាងតែងតែប្រើប្រាស់សំឡេង និង ប្រជាប្រិយភាពរបស់ខ្លួនស្រែកទាមទារឱ្យរដ្ឋាភិបាលមានដំណោះស្រាយជូនប្រជាជន ជាពិសេសរឿងវ៉ាក់សាំងដែលមានគុណភាព ។ជាមួយគ្នានេះ ពិតជាធ្វើឱ្យមហាជនមានក្ដីរំជួលចិត្តណាស់សម្រាប់នាង Nam patcharaporn Chantarapadit Miss Grand ថៃ ២០២០

ក្រោយពីមានការស្រែកទាមទាររិះគន់រដ្ឋាភិបាលមក ស្រាប់តែថ្ងៃទី ២២ ខែកក្កដា ឆ្នាំ ២០២១ កន្លងទៅនេះ នាងត្រូវបានគេចេញដីកាកោះហៅពីបទឃោសនាប្រឆាំងរដ្ឋាភិបាល ។ជុំវិញរឿងនេះ សម្រាប់បវរកញ្ញាខាងលើ បន្ទាប់ពីចេញដីកាកោះហៅ នាងក៏បានចេញមុខមកឡាយដោយនិយាយថា «ខ្ញុំមិនព្រមសារភាពឡើយ ព្រោះថាអ្វីដែលខ្ញុំបាននិយាយ គឺបានគិតរួចមកហើយ ខ្ញុំសុខចិត្តចូលគុកក៏បាន ចាំពេលខ្ញុំធ្វើចត្តាឡីស័កចប់ភ្លាមមកចាប់ចុះ តែបើខ្ញុំចូលគុកមែន ត្រូវឱ្យនាយករដ្ឋមន្ត្រីទៅជាមួយនាងខ្ញុំផង ពីបទមិនខ្វល់ខ្វាយពីប្រជាជន បោះបង់ប្រជាជនចោល ចាំទៅអង្គុយផឹកទឹកតែជាមួយគ្នា ហើយខ្ញុំនឹងបង្រៀនពីរបៀបធ្វើការងារថាត្រូវធ្វើយ៉ាងម៉េច មិនមែនដេកនៅតែផ្ទះ មិនដែលបើកភ្នែកមើល ហើយចាំតែទទួលលុយខែនោះទេ ។

អ្នកឯងប្ដឹងខ្ញុំព្រោះតែខ្ញុំនិយាយ ហើយយ៉ាងម៉េចនិយាយអ្វីមិនបានមែន ច្បាប់បង្កើតមកមិនមែនសម្រាប់តែការពារនាយករដ្ឋមន្ត្រីតែម្នាក់ឯងឡើយ ។ រឿងដែលនាងខ្ញុំត្រូវចូលគុកនេះ គឺធ្វើឱ្យមនុស្សទូទាំងពិភពលោក ទូទាំងប្រទេសបានឃើញទៅថា រដ្ឋាភិបាលនេះចាប់ប្រជាជនចូលគុក» ។

ដោយឡែកទៀតសោត បវរកញ្ញាខាងលើ ក៏បានបន្តទៀតថា តើប្រជាជនថៃនឹងរស់នៅយ៉ាងណា ត្រូវស្លាប់ប៉ុន្មាននាក់ទៀត ឱ្យចុះឈ្មោះចាក់វ៉ាក់សាំងដល់ពេលចុះទៅមកទល់នឹងពេលនេះ មិនទាន់បានចាក់សូម្បីមួយម្ជុលផង ។ នាងព្យាយាមធ្វើគ្រប់យ៉ាង ក្នុងនាងជាប្រជាជនថៃម្នាក់ ថារៀនចប់អាចឃើញនូវពន្លឺរបស់ខ្លួនឯង តែបែរជាត្រូវគេឃាត់ឃាំងសេរីភាពទៅវិញ ៕ប្រភព៖popular