ផេនខេក ទម្លាយរឿងរ៉ាវដែលខ្លួនធ្លាប់ឆ្លងពីមុនមករហូតដល់ជោគជ័យមកដល់សព្វថ្ងៃនេះទឹកភ្នែកមិនដឹងជាប៉ុន្មានដង

ភ្នំពេញ ៖ ជាការពិតណាស់ដែលអាចនិយាយបានថា ផេកខេក បច្ចុប្បន្នគឺជាពិធីការិនីមានឈ្មោះបោះសំឡេងគួរឱ្យកត់សម្គាល់នៅក្នុងវិស័យសិល្បៈ ព្រោះតែពាក្យសម្ដីបែបកំប្លុកកំប្លែងចាក់ទឹកមិនលិចរបស់នាង ធ្វើឱ្យទស្សនិកជនសើចក្អាកក្អាយរសាយអស់ទុក្ខកង្វល់នោះ តែនៅក្រៅឆាកវិញ នាងក៏មានជីវិតតស៊ូ ឆ្លងកាត់បញ្ហាជាច្រើនទម្រាំឈានជើងយ៉ាងរឹងមាំឈរនៅកន្លែងមួយមានមហាជនទទួលស្គាល់នៅក្នុងវិស័យមួយនេះ ។

ជាក់ស្ដែងផងដែរ ផេកខេក បានបង្ហោះសារនៅលើគណនៅហ្វេសប៊ុក រៀបរាប់ពីទុក្ខលំបាកទម្រាំមកដល់សព្វថ្ងៃនេះ នាងបានឆ្លងកាត់រឿងរ៉ាវបរាជ័យជាច្រើនដង ត្រូវដួលជាច្រើនដង ពេលខ្លះក៏បាក់ទឹកចិត្ត ពេលខ្លះក៏លួចយំម្នាក់ឯង ថ្ងៃខ្លះក៏ត្រូវអង្គុយយំ តែទោះជាជួបរឿងខកបំណងច្រើនប៉ុនណា ក៏នាងប្រឹងប្រែងក្រោកឈរឡើងបន្តដំណើរទៅមុខទៀតដែរ ។សារដ៏ក្ដុកក្ដួលរបស់ ផេនខេក បានរៀបរាប់ថា «ទម្រាំមានថ្ងៃនេះ ខ្ញុំដួលច្រើនដងណាស់ តែខ្ញុំនៅប្រឹងក្រោកឡើងដើម្បីបន្តដំណើរទៅមុខទៀត ។

ពេលដួលត្រូវប្រឹងក្រោកដោយខ្លួនឯង! ជួបបញ្ហាក៏ត្រូវរៀនដោះស្រាយដោយខ្លួនឯង! ពេលខ្លះបាក់ទឹកចិត្ត ក៏ត្រូវលើកទឹកចិត្តខ្លួនឯង! ថ្ងៃខ្លះក៏អង្គុយយំ តែខ្ញុំនៅតែអាចជូតទឹកភ្នែកហើយញញឹមមកកាន់ខ្លួនឯងបាន! ជីវិតពេលខ្លះ វាពិតជាហត់នឿយក៏ពិតមែន តែវាពិតជាមានន័យណាស់សម្រាប់មនុស្សម្នាក់ៗ។ បើមិនជួបរឿងទាំងអស់នោះទេ យើងក៏មិនអាចរឹងមាំដូចសព្វថ្ងៃដែរ។ ភាពលំបាកធ្វើឱ្យមនុស្សកាន់តែរឹងមាំ ហើយក៏អាចឱ្យមនុស្សជ្រើសរើសផ្លូវសម្រាប់ជីវិតខ្លួនឯងដែរ» ៕ប្រភព៖popular