ចង់ដឹងជ្រុលពេកក្មេងប្រុសម្នាក់ត្រូវចូលពេទ្យភ្លាមៗក្រោយលេបមេដែក៥៤គ្រាប់ ព្រោះតែចង់ដឹងថាលេបទៅវាជាប់ក្នុងក្រពះ ឬ អត់

អង់គ្លេស ៖ ជាការពិតណាស់ដែលមានក្មេងប្រុសជនជាតិអង់គ្លេសម្នាក់ អាយុ១២ឆ្នាំ ទើបទទួលបានការវះកាត់សង្គ្រោះអាយុជីវិតនាពេលថ្មីៗនេះ បន្ទាប់ពីរូបគេបានលេបមេដែកជាច្រើនគ្រាប់ ដើម្បីជាការធ្វើពិសោធន៍។ជាក់ស្ដែងតាមប្រភពព័ត៌មានបានឲ្យដឹងថា កុមារារងគ្រោះរូបនេះមានឈ្មោះ Riley Morrison មកពីទីក្រុង Manchester ប្រទេសអង់គ្លេស បានលេបមេដែករាងមូលតូចៗចំនួន ៥៤គ្រាប់ ដើម្បីចង់ដឹងថា តើវត្ថុទាំងនោះនឹងឆក់គ្នានៅក្នុងក្រពះរបស់គេដែរ ឬ អត់។ប៉ុន្តែបន្ទាប់ពីមិនឃើញមេដែកនោះចេញមកវិញអស់រយៈពេល៤ថ្ងៃ នៅទីបំផុតរូបគេក៏សម្រេចប្រាប់ម្តាយឈ្មោះ Paige Ward អាយុ ៣០ឆ្នាំថា ខ្លួនបានលេបមេដែកដោយចៃដន្យ។យ៉ាងណាមិញ អ្នកស្រី Paige

បាននាំកូនប្រុសទៅមន្ទីរពេទ្យតែម្ដង ហើយនៅពេលដែលគ្រូពេទ្យបានឆ្លុះកាំរស្មីអ៊ិច ក៏ស្រាប់តែភ្ញាក់ផ្អើលយ៉ាងខ្លាំង ព្រោះរកឃើញមានដែកម៉ាញេទិកចំនួន ៥៤គ្រាប់ ដែលជាប្រដាប់ប្រដាក្មេងលេងនៅក្នុងក្រពះ និងពោះវៀនរបស់ Riley ។ក្រោយពិនិត្យឃើញដូច្នេះហើយ គ្រូពេទ្យបារម្ភថាមេដែកអាចមានប្រតិកម្ម ហើយដុតបំផ្លាញ់ជាលិការ ឬសរីរាង្គសំខាន់ៗ ដែលអាចបណ្ដាលឱ្យមានការខូចខាតគ្រឿងក្នុង ដែលនឹងអាចបង្កគ្រោះថ្នាក់ដល់អាយុជីវិត។ដូច្នេះ Riley ចាំបាច់ត្រូវតែវះកាត់ជាបន្ទាន់ ហើយប្រតិបត្ដិការវះកាត់នេះ បានចំណាយពេលដល់ទៅ៦ម៉ោងឯណោះ ទើបរួចរាល់។ដោយឡែក បច្ចុប្បន្ននេះដែរ Riley កំពុងសម្រាកព្យាបាលបន្ដនៅផ្ទះ

ហើយម្តាយរបស់គេចង់ចែករំលែកបទពិសោធន៍នេះដល់ឪពុកម្តាយផ្សេងទៀត អំពីគ្រោះថ្នាក់ដែលអាចកើតមានពីប្រដាប់ប្រដាក្មេងលេង ដូចជាគ្រាប់មេដែកនេះជាដើម និងសំណូមពរឲ្យប្រមូលវាទៅឲ្យឆ្ងាយពីកូនៗ ដើម្បីកុំឲ្យជួបរឿងដូចកូនរបស់គាត់៕ប្រភព៖khmerload