បងប្អូនប្រុសរបស់ ដួង វីរៈសិទ្ធ សុទ្ធតែជាអ្នកដែលសមត្ថភាពក្នុងអាជីពសិល្បៈមិនចាញ់គ្នាឡើយ

ភ្នំពេញ ៖ ជាការពិតណាស់ដែលមហាជនអ្នកគាំទ្រតារាចម្រៀង ដួង វីរៈសិទ្ធ ដែលមានឈ្មោះដើម ម៉ម ដួងសិទ្ធ ប្រាកដជាបានដឹងមកហើយពីសមត្ថភាពនៅក្នុងវិថីសិល្បៈរបស់តារាប្រុសសំឡេងផ្អែមរូបនេះ ដោយលោកមិនត្រឹមតែមានទេពកោសល្យក្នុងការច្រៀងតែម្យ៉ាងនោះទេ តែក៏មានទេពកោសល្យក្នុងការនិពន្ធទំនុកច្រៀង ទំនុកភ្លេង និង លេងឧបករណ៍តន្ត្រីសម័យ និង បុរាណទៀតផង ។

ជាក់ស្ដែង
ក្នុងនោះ មហាជនអ្នកគាំទ្រប្រាកដជាបានដឹងខ្លះមកហើយ ពីសែស្រឡាយរបស់តារារូបនេះ គឺលោកមានឪពុកម្តាយ និង បងប្អូនប្រុស ២ នាក់ ទៀត ក៏ជាអ្នកសិល្បៈមានឈ្មោះបោះសំឡេងដូចគ្នាដែរ ។យ៉ាងណាមិញ ពេលនេះ «ប្រជាប្រិយ» នឹងលើកយកនូវបងប្អូនបង្កើតរបស់លោក ដួង វីរៈសិទ្ធ ទាំង ៣ រូប មកជ​ម្រាបជូននៅខាងក្រោមនេះ ថាតើពួកគាត់មានសមត្ថភាពអ្វីខ្លះក្នុងវិថីសិល្បៈ?
១- លោក ម៉ម សំនៀង
លោក ម៉ម សំនៀង គឺជាកូនប្រុសច្បង ហើយលោកក៏មានទេពកោសល្យក្នុងសិល្បៈជាតារាចម្រៀង ពិធីករផ្នែកកម្សាន្ត និង ពិធីករផ្នែកព័ត៌មានទៀតផង ។ លោកក៏អាចលេងឧបករណ៍តន្ត្រីបុរាណ និង សម័យ បានយ៉ាងស្ទាត់ជំនាញមិនខុសពីលោក ដួង វីរៈសិទ្ធ នោះដែរ ។

២- លោក ម៉ម ដួងសិទ្ធ ឬ ដួង វីរៈសិទ្ធ
លោក ម៉ម ដួងសិទ្ធ បានផ្លាស់ប្តូរឈ្មោះទៅជា ដួង វីរៈសិទ្ធ ក្រោយពីបានក្លាយជាតារាចម្រៀងអាជីពក្នុងវិថីសិល្បៈ ។ តារាប្រុសជាកូនទី ២ ក្នុងត្រកូល ម៉ម នេះ គឺត្រូវបានមហាជនទទួលស្គាល់យ៉ាងខ្លាំងពីទេពកោសល្យនៃវិស័យសិល្បៈរបស់លោក ដូចដែលបានរៀបរាប់ខាងលើ ។ ថ្មីៗនេះ លោកក៏បានប្តូរទ្រនំពីផលិតកម្មរស្មីហង្សមាស ទៅមកកាន់ផលិតកម្មរាម ក្រោមដំបូលជាមួយនឹង មាស សុខសោភា ។

៣- លោក ម៉ម ពេជ្ជរិទ្ធ
លោក ម៉ម ពេជ្ជរិទ្ធ គឺជាសមាជិកមួយរូបនៅក្នុងក្រុមចម្រៀងយុវវ័យ Small Word Small Band ក្រុមតូច ។ កូនប្រុសពៅត្រកូល ម៉ម រូបនេះ ត្រូវបានអ្នកគាំទ្រយុវវ័យដាក់ងារថាជាតារាចម្រៀង Original Song សំឡេងស្រទន់ ។ ម៉ម ពេជ្ជរិទ្ធ មិនត្រឹមតែជាតារាចម្រៀងពេញនិយមនោះទេ លោកក៏មានទេពកោសល្យផ្នែកនិពន្ធទំនុកភ្លេង ទំនុកច្រៀង និង លេងឧបករណ៍តន្ត្រីសម័យ និង បុរាណ ដូចជាបងៗផងដែរ ៕ប្រភព៖popular