មិនហត់នឿយក្រោយបញ្ចប់ភារកច្ចិពីកម្មវិធី «រត់ដើម្បីសប្បុរសធម៌ជាមួយសាយ» ពេលនេះ សាយ ត្រៀមធ្វើរឿងមួយនេះដើម្បីសង្គមបន្តទៀត

ភ្នំពេញ ៖ ជាការពិតណាស់ដូចដែលប្រិយមិត្តបានជ្រាបរួចមកហើយពីកម្មវិធី «រត់ដើម្បីសប្បុរសធម៌ជាមួយសាយ» ដែលមានគម្រោងរត់រយៈពេល ៩៩ ថ្ងៃ បានរត់មកដល់គោលដៅដោយជោគជ័យហើយកាលពីថ្ងៃទី ១០ ខែមករា ឆ្នាំ ២០២១ កន្លងទៅនេះ ។ សម្រាប់ពីកម្មវិធី «រត់ដើម្បីសប្បុរសធម៌ជាមួយសាយ» បង្កើតឡើងដោយតារាចម្រៀង original song សាយ បានរៃអង្គាសថវិកាប្រមាណជាង ៥០ ម៉ឺនដុល្លារជូនដល់មន្ទីរពេទ្យកុមារអង្គរ ។ជាក់ស្ដែងក្រោយពីបានបញ្ចប់កម្មវិធីខាងលើនេះហើយ តារាចម្រៀង Original សាយ

បានធ្វើឲ្យមហាជនគ្រប់ស្រទាប់វណ្ណៈ និង គ្រប់វ័យបានកើតសរសើរយ៉ាងខ្លាំងនូវទំហំទឹកចិត្តដ៏ធំធេងរបស់តារាចម្រៀងវ័យ ៣១ ឆ្នាំ រូបនេះ ។ លើសពីនោះ លោកក៏ក្លាយទៅជាយុវជនអាស៊ីប៉ាស៊ីហ្វិកដំបូង ដែលទទួលបានពានរង្វាន់វីរយុជន ពី IAYSP ទៀតផង ។យ៉ាងណាមិញ ក្រោយពីកម្មវិធី «រត់ដើម្បីសប្បុរសធម៌ជាមួយ» បានបញ្ចប់ការរត់ដោយជោគជ័យ លោក សាយ បានប្រាប់មកកាន់ «ប្រជាប្រិយ» ថា លោកនឹងបន្តធ្វើរឿង ២ បន្ថែមទៀតដើម្បីជួយដល់សង្គមបន្ថែមទៀត ។លោក សាយ បានឲ្យដឹងថា «រឿងទី ១ គឺលោក នឹងយកនូវសកម្មភាពវីដេអូនៃការរត់រយៈពេល ៩៧ ថ្ងៃ ឆ្លងកាត់ ២១ ខេត្តក្រុង ដោយជួបប្រទះនូវរឿងរ៉ាវជាច្រើនមកចាក់បញ្ចាំងនៅលើកញ្ចក់ទូរទស្សន៍ My Tv នៅកំឡុងខែមីនា និង មេសា ព្រមទាំងបើកការបរិច្ចាគថ្មី តាមរយៈការចាក់បញ្ចាំងរឿងនេះ ។ ដោយឡែក លោកនឹងផលិតជាភាពយន្តឯកសារពីកម្មវិធី «រត់ដើម្បីសប្បុរសធម៌ជាមួយសាយ» ចាក់បញ្ចាំងនៅក្នុងរោងកុន ដោយមានគោលបំណងជាគំរូ និង ជំរុញទឹកចិត្តក្នុងការចាប់ផ្តើមធ្វើសកម្មភាពដើម្បីជួយដល់សង្គមនានា ពីយុវជននាពេលអនាគត» ។

រីឯរឿងទី ២ សាយ បានឲ្យដឹងថា ខ្លួននឹងចាប់ផ្តើមកម្មវិធីថ្មីមួយទៀតមានឈ្មោះថា «តោះចាប់ផ្តើមធ្វើជាមួយ សាយ (Let’s Do It with Sai)» ដើម្បីផ្តួចផ្តើមគំនិតឲ្យយុវជនមានគំនិតចង់ធ្វើសកម្មភាពល្អដើម្បីជួយដល់សង្គម ដែលក្នុងនោះកម្មវិធីនឹងធ្វើការជ្រើសរើសយកយុវជនជាក្រុមតូចៗ ដែលបានដាក់ពាក្យមកកាន់កម្មវិធី ។ កម្មវិធីនឹងផ្តល់ជាប្រឹក្សាយោបល់ និង ពិភាក្សាក្នុងការរៀបចំសកម្មភាព ឬយុទ្ធនាការកិច្ចសង្គមណាមួយ ហើយកម្មវិធីអាចនឹងធ្វើការគាំទ្រជាកញ្ចប់មូលនិធិមួយចំនួនផងដែរ ។ លើសពីនោះ យុវជនដែលលោកជ្រើសរើសបាននោះ ក៏ត្រូវចូលរួមក្នុងការផលិតភាពយន្តនៅចំនុចខាងលើនោះដែរ» ៕ប្រភព៖popular