ក្រោយឃើញអតីតមេគណខេត្តឧត្ដរមានជ័យដែលល្បីខាងការពារព្រៃឈេីក្រោយសឹកបាន ១ ខែរៀបការ ស្រាប់តែលោក តា​ប៊ុ​យ និយាយបែបនេះថា

ឧ​ត្ត​រ​មានជ័យ ៖ យោងតាម​សារព័ត៌មាន​នគរធំ បានធ្វើការ​ចុះផ្សាយ​នៅ​ថ្ងៃទី​១៣ ខែមករា ឆ្នាំ​២០២១​នេះ ដូច្នេះ​ថា ៖ អតីត​ព្រះសង្ឃ​មួយអង្គ ដែល​គេ​តែង​ហៅ «​លោក​ឪ​» ជា​ប្រធាន​ព្រៃ​សង្ឃ​សហគមន៍​រុក្ខា​វ័ន និង​ជា​អតីត​ព្រះ​មេគណ​ខេត្ត​ឧ​ត្ត​រ​មានជ័យ ដែលជា​សកម្មជន​ល្បី​ខាង​ការធ្វើសកម្មភាព​ការពារ​ព្រៃឈើ លោកគ្រូ បណ្ឌិត ប៊ុន សា​លួត ក្រោយ​សឹក​ភ្លាម បាន​យកប្រពន្ធ​ក្មេង​ដ៏​ស្រស់ស្អាត​ភ្លែត​តែម្ដង ដោយបាន​ភ្ជាប់ពាក្យ​ផ្អើល​អ្នកស្រុក កាលពី​ថ្ងៃទី​១១ ខែមករា ឆ្នាំ​២០២១ នៅ​ផ្សារ​សំរោង ក្រុង​សំរោង ខេត្ត​ឧ​ត្ត​រ​មានជ័យ​។​​ភិក្ខុ​លួ​ន សាវ៉ាត សកម្មជន​សិទ្ធិមនុស្ស ដែល​កំពុង​គង់នៅ​ប្រទេស​ស្វី​ស បាន​សរសេរ​ក្នុង​គណនី​បណ្ដាញ​សង្គម​ហ្វេ​ស​ប៊ុ​ក​របស់​ព្រះអង្គ ជុំវិញ​ការភ្ជាប់​ពាក្យ​របស់លោក​គ្រូ​បណ្ឌិត ប៊ុន សា​លួត នៅ​ថ្ងៃទី​១១ ខែមករា ឆ្នាំ​២០២១ ថា “​អៃ​យ៉ា! លោកគ្រូ ប៊ុន សា​លួត សឹក​ភ្លាម ភ្ជាប់ពាក្យ​ភ្លែត ការ​ភ្លាម​តែម្តង!នេះ​គឺជា​រឿង​ធម្មតា​ទេ គឺជា​រឿង​ធម្មជាតិ​នៃ​ជីវិត​មនុស្ស​សត្វ ដែល​ត្រូវតែមាន​គូ! សូមកុំ​រិះគន់​អី! សូម​ជូនពរជ័យ​អនាគត​គូ​ស្វាមីភរិយា​ថ្មី ជួបតែ​សំណាងល្អ! សុខភាព​ល្អ! សុមង្គល​បវរ​តរៀ​ង​ទៅ! លោកគ្រូ ប៊ុន សា​លួត អតីត​ប្រធាន​ព្រៃ​សង្ឃ​សហគមន៍​រុក្ខា​វ័ន ខេត្ត​ឧ​ត្ត​រ​មានជ័យ ក្រោយ​លាចាក​សិក្ខាបទ (​សឹក​) ក្នុងពេល​ថ្មីៗ​នេះ ឥឡូវនេះ​ថ្ងៃ​១១ មករា ២០២១ បាន​ប្រារព្ធ​ពិធី​ភ្ជាប់ពាក្យ​

នៅក្នុង​គេហដ្ឋាន​ខាង​ស្រី នៅ​ផ្សារ​សំរោង ក្រុង​សំរោង ខេត្ត​ឧ​ត្ត​រ​មានជ័យ ដោយមាន​ភ្ញៀវកិត្តិយស​ចូលរួម​យ៉ាងច្រើន​កុះករ សប្បាយ​ត្រេកអរ ជូនពរជ័យ​សិរី​សួស្តី​ជ័យ​មង្គល ទៅតាម​ប្រពៃណី​ខ្មែរ​“​។​​ព្រះ​តេជគុណ បូរ បេ​ត សកម្មជន​ការពារ​ព្រៃឈើ ដែលមាន​ធ្លាប់មាន​ទំនាក់ទំនង​ជាមួយ​លោកគ្រូ ប៊ុន សា​លួត បាន​សរសេរ​នៅក្នុង​គណនី​បណ្ដាញ​សង្គម​ហ្វេ​ស​ប៊ុ​ក​របស់​ព្រះអង្គ នៅ​ថ្ងៃទី​១១ ខែមករា ឆ្នាំ​២០២១ ថា “​អបអរសាទរ​លោក​ឪ ជូនពរ​លោក​ឪ ជាមួយ​ភរិយា ឱ្យមាន​សុភមង្គល​ក្នុង​គ្រួសារ​ថ្មី និង​រកស៊ី​មានបាន ត្រជាក់ត្រជំ​ក្នុង​ទ្រនំ​ថ្មី គ្រួសារ​ថ្មី ព្រមទាំង​ឆាប់​មាន​បុត្រាបុត្រី​។​សូមឱ្យ​លោក​ឪ និង​ភរិយា រស់នៅ​ជា​ចំណង​ស្នេហ៍​អស់​រយ​នៃ​ឆ្នាំទៅ​ខាងមុខ មាន​សេចក្ដី​សុខកាយ សប្បាយចិត្ត ប្រតិព័ទ្ធ​រួមរឹត​ជា​គ្រួសារ​ដ៏​ផ្អែមល្ហែម មាន​សេចក្ដីសុខ និង​សុភមង្គល​បំផុត​នៅក្នុង​ជីវិត​ថ្មី​នេះ​។​​សូមឱ្យ​គ្រួសារ​ថ្មី​មួយ​នេះ សមប្រកប​តែ​នឹង​ឧ​ត្ត​ម​ពរ​ព្រះ

បួន​ប្រការ​គឺ អាយុ វណ្ណៈ សុ​ខៈ និង​ពលៈ កុំបី​ឃ្លៀងឃ្លាត​ឡើយ​“​។​​សូមបញ្ជាក់ថា គូ​ដណ្ដឹង​ដែលជា​អនាគត​ភរិយា​រូប​ស្រស់​សោភា​របស់លោក​ឪ ប៊ុន សា​លួត មានឈ្មោះ​វេ​ង សុ​ខៈរ​ក្ស អាយុ​១៩​ឆ្នាំ រស់នៅ​ក្រុង​សំរោង ខេត្ត​ឧ​ត្ត​រ​មានជ័យ​។ មាន​បងប្អូន​៣​នាក់ នៅក្នុង​គ្រួសារ មុខរបរ​លក់ដូរ​នៅក្នុង​ផ្សារ ជាមួយ​ឪពុកម្ដាយ​នាង និង​មាន​ឪពុក​ជាម​ន្ត្រី​ប៉េអឹម​។​ក្នុង​បទសម្ភាសន៍​ជាមួយ “​នគរធំ​” នៅ​ថ្ងៃទី​១២ ខែមករា ឆ្នាំ​២០២១ លោកគ្រូ​អន្ទិត ប៊ុន សា​លួត បានបញ្ជាក់​ប្រាប់ថា បន្ទាប់ពី​បាន​ភ្ជាប់ពាក្យ​រួចហើយ លោក​និង​គូ​ដណ្ដឹង នឹងត្រូវ​រៀបការ​នៅ​ថ្ងៃ​៦-៧​កើត ខែផល្គុន ឆ្នាំជូត ទោស័ក ព​.​ស​. ២៥៦៤ ត្រូវ​នឹង​ថ្ងៃទី​១៧-១៨ ខែកុម្ភ​: ឆ្នាំ​២០២១ ខាងមុខ​នេះហើយ​។​​អតីត​សង្ឃ រូបនេះ បញ្ជាក់ថា ការដែល​គូ​ដណ្ដឹង​វ័យក្មេង ព្រម​ភ្ជាប់ពាក្យ និង​ត្រៀម​រៀបការ​ជាមួយ​លោក​ដែលមាន​អាយុ​ឃ្លាតឆ្ងាយ​ពី​នាង​ដូច​ជីតា​និង​ចៅ (១៩​ឆ្នាំ​-៤៧​ឆ្នាំ​) នេះ មិនមែន​ដោយសារ​មានការ​បង្ខិតបង្ខំ​ពី​ឪពុកម្ដាយ​នាង​ទេ គឺជា​ការពេញចិត្ត​ដោយ​ខ្លួន​នាង​ផ្ទាល់ ព្រោះ​លោក​បាន​សាកសួរ​អស់ហើយ ក្នុង​រយៈពេល​ខ្លី​ដែល​បាន​ស្គាល់គ្នា មុននឹង​ឈានដល់​ការភ្ជាប់​ពាក្យ​នេះ​។ ជាមួយនេះ លោក​ក៏​សូម​

អរគុណ​ដល់​អ្នក​ទាំងឡាយ​ដែល​បាន​ជូនពរ​លោក​និង​អនាគត​ប្រពន្ធ​ក្មេង​នេះ ឲ្យ​មាន​សុភមង្គល​នឹង​គ្នា​ជា​រៀងរហូត​។​​លោក​ប៊ុន សា​លួត បាន​មានប្រសាសន៍ថា “​បាទ​! ខ្ញុំ​ត្រេកអ​រណាស់ ចំពោះ​បងប្អូន​ទូទាំងប្រទេស ដែល​បាន​ជូនពរ​ខ្ញុំ ដោយសារ​នេះ​ក្នុង​ព្រះពុទ្ធសាសនា ហៅថា និស្ស័យ ហៅថា គូព្រេង ហើយ​ឃើញថា ខ្ញុំ​មានគូស្រករ មានអី ចេះ​ចាប់ដៃគ្នា ហើយ​ខ្ញុំ​គ្មាន​អី​ទេ មានតែ​ថ្លែង​អំណរ​អរគុណ និង​ជូនពរ បួងសួង​ទេវតា​ឆ្នាំ​ថ្មី ហើយ​បារមី​ព្រះអង្គ តាម​ថែរក្សា​នូវ​ញាតិ​ញោម​ទាំងអស់​ដែល​ជូនពរ​ខ្ញុំ បន្ទាប់ពី​ខ្ញុំ​បាន​ភ្ជាប់ពាក្យ កាលពី​ម្សិល (១១ មករា​) ហ្នឹង​។ គោលបំណង​ខ្ញុំ ចង់​រៀបការ​ដល់​ខែវស្សា ឯណោះ គឺ​ចង់​ឲ្យ​ក្មួយៗ​បង្កើត​របស់ខ្ញុំ រៀបការ​មុន​អស់​សិន ប៉ុន្តែ​ឪពុកម្ដាយ​គេ ក៏​ឯកភាពគ្នា​ឲ្យ​ខ្ញុំ​មុន​ទៅ ព្រោះ​មា​ចាស់​ហើយ ឯ​ក្មួយៗ​ចាំ​ក្រោយ​។​​ចំពោះ​ខ្ញុំ​និង​គូ​ដណ្ដឹង​ខ្ញុំ​នោះ ស្គាល់គ្នា​រយៈពេល​ខ្លី​ទេ ប៉ុន្តែ​ខ្ញុំ​សង្កេតឃើញ​ចរិត​គាត់ ទី​១ គាត់​មិនដែល​ចេះ​ដើរ​ទៅណា​ទៅ​ណី​ពេលយប់​ព្រលប់ ទោះបី​គាត់​ទៅណា គាត់​សុំ​ឪពុកម្ដាយ​គាត់ ហើយ​ទោះបី​គាត់​ស្គាល់

​ខ្ញុំ ទើបបាន​ថ្មីថ្មោង​មែន តែ​ពេល​គាត់​ទៅណា​ញ៉ាំ​អី ក៏​គាត់​ប្រាប់​ខ្ញុំ​។ ទី​២ ការងារ​គាត់ អាច​ជំនួស​ឪពុកម្ដាយ​បាន គឺ​គាត់​អត់​បាន​រៀន​ច្រើន​ទេ ដោយសារ​ម្ដាយ​គាត់​ឈឺ គាត់​ក៏​ឈប់រៀន មកជួយ​ឪពុក​គាត់​ទៅ ធ្វើ​ឲ្យ​ឪពុក​គាត់​ស្រួល ព្រោះ​គាត់​ជួយ​ដៃជើង​បាន​មែន ជាពិសេស​ជួយ​លក់ដូរ​ម្ដាយ​គាត់​»​។​​លោក​ប៊ុន សា​លួត បន្តថា «​អាហ្នឹង​ជា​គូ​របស់ខ្ញុំ​ហើយៗ​គាត់​ទទួលយក​យើង​បាន យើង​កោតសរសើរ​ដែរ ដោយ​ខ្ញុំ​និយាយ​មួយ​ម៉ាត់​ទេ ទោះបី​គេ​ជឿ​ខ្ញុំ មិន​ជឿ​ខ្ញុំ ក៏​ខ្ញុំ​អ្នកបួស ខ្ញុំ​មាន​សច្ចធម៌ ខ្ញុំ​អ្នក​កាន់​សច្ចធម៌​។ កាល​ដើម ខ្ញុំ​គិតថា គាត់​ទទួលយក​ខ្ញុំ​មិន​បានទេ ដោយសារ​ខ្ញុំ​ចាស់​ជាង​គាត់​ច្រើន ប៉ុន្តែ​គាត់​ទទួលយក​យើង​បាន ហើយ​ទទួលយកបាន​នេះ មិនមែន​ដោយសារ​គេ ឪពុកម្ដាយ​គាត់​បង្ខិតបង្ខំ​ទេ​។​​ខ្ញុំ​និយាយ​ជាមួយ​នាង នៅមុខ​ម៉ែឪ​គេ គ្រួសារ​គេ​ទាំងអស់​ថា បើ​ចៅ​ឯង​មានការ​បង្ខិតបង្ខំ ខ្ញុំ​មិនអាច​ទទួលយក​បានទេ ព្រោះ​ខ្ញុំ​ត្រូវការ​ស្អាត គាត់​ក៏ត្រូវ​ការ​ស្អាត បើ​ថា​មាន​សង្សារ មានអី​ហើយក៏​ដោយ ឲ្យ​ឆ្លើយ​ប្រាប់​ខ្ញុំ​ត្រង់ ហើយ​បើ​ឪពុកម្ដាយ​បង្ខិតបង្ខំ ឲ្យ​ឆ្លើយ​ប្រាប់​ខ្ញុំ​ត្រង់​ដែរ ព្រោះ​ខ្ញុំ​អត់​ចង់បាន​ការបង្ខិតបង្ខំ​ទេ តែ​គាត់​ឆ្លើយថា គ្មាន​ការបង្ខិតបង្ខំ​ទេ តែ​អ្វី​នាង​ពេញចិត្ត​ខ្ញុំ ដោយសារ​ខ្ញុំ​ជា​មនុស្ស​ចាស់ បាន​បួស​ច្រើន មិន​ខ្លាច​រៀបការ​ហើយ ប្រើ​អំពើហិង្សា ព្រោះ​គាត់​ឃើញ​ប្ដី​ប្រពន្ធ​គេ នៅ​ជិត​ផ្ទះ វ៉ៃតប់​គ្នា ទើប​គាត់​ប្រើពាក្យ​អ៊ីចឹង ហើយ​ខ្ញុំ​សូរ​ទៀតថា បើ​ស្រឡាញ់​ខ្ញុំ តើ​ខ្លាច​គេ​សើច គេ​យំ​ដែរ​?​នាង​ថា ទៅ​ខ្លាច​គេ​សើច​គេ​យំ​ធ្វើ​អី ព្រោះ​មាន​ទៅយក​លុយ​គេ​ឯណា សុំ​បាយ​គេ​ស៊ី​ឯណា ពេល​យើង​បាន​សុខ មាន​គេ​ឲ្យ​សុខ​យើង​ឯណា​! គាត់​និយាយ​អ៊ីចឹង ធ្វើ​ឲ្យ​កាន់​តែមាន​ទំនុកចិត្ត ជឿជាក់​លើ​គាត់ ហើយ​ធ្វើ​ឲ្យ​ខ្ញុំ​ទទួលយក​គាត់​បាន ហើយ​ខ្ញុំ​ជឿជាក់ថា គាត់​មិន​និយាយ​ដោយ​ល្បិចកល​ទេ ព្រោះ​ខ្ញុំ​ថា បើ​ស្រឡាញ់គ្នា ស្រឡាញ់​ឲ្យ​ដល់​ចប់ ចាស់​កោង​ខ្នង​រៀងខ្លួន ហើយ​គាត់​ថា គាត់​ទទួលយកបាន​។​​

ដូច្នេះ​ខ្ញុំ​អរគុណ​ច្រើន ហើយ​សូម​ជូនពរ​គាត់​ឲ្យ​សុខភាព​ល្អ ជួបតែ​សេចក្ដីសុខ សេចក្ដីចម្រើន រកស៊ី​មានបាន​ជាមួយនឹង​ខ្ញុំ ត្រជាក់ត្រជំ ហើយ​និង​អ្នក​ដែល​គាំទ្រ​ខ្ញុំ ក៏​សុំ​ឲ្យ​រកស៊ី​មានបាន​ទាំងអស់គ្នា សុខ​ចម្រើន​ទាំងអស់គ្នា ហើយ​សុំ​កុំ​ឲ្យ​បងប្អូន​ទាំងអស់ យល់ច្រឡំ​ថា គាត់​មានការ​បង្ខិតបង្ខំ​ពី​ឪពុកម្ដាយ ទើប​ព្រម​ទទួល​ខ្ញុំ​“​។​​គួរ​បញ្ជាក់ថា លោក​ប៊ុន សា​លួត កើត​នៅ​ឆ្នាំ​១៩៧០ (​អាយុ​៤៧​ឆ្នាំ​) មាន​ស្រុកកំណើត​នៅ​ភូមិ​ត្បែង ឃុំ​បុស្ស​ស្បូវ ស្រុក​សំរោង ខេត្តសៀមរាប (​ឥឡូវ​ទៅជា​ក្រុង​សំរោង ខេត្ត​ឧ​ត្ត​រ​មានជ័យ​)​។ ឪពុក​របស់លោក ឈ្មោះ​ប៊ុន សំ​បៀ​ន (​ស្លាប់​សម័យ​ប៉ុល ពត​) ម្ដាយ​ឈ្មោះ​ស៊ុន កប់​។

លោក​មាន​បងប្អូន​បង្កើត ចំនួន ៥​នាក់ (​ប្រុស​ទាំង​៥) លោក​ជា​កូន​ទី​៣​។ លោក​បាន​រៀន​ពី​បឋមសិក្សា រហូតដល់​អនុវិទ្យាល័យ ថ្នាក់​ទី​៨ ក៏​សុំច្បាប់​គ្រូ​ទៅ​បួស នៅ​វត្ត​ទេពប្រណម្យ ខេត្តសៀមរាប ក្នុង​ឆ្នាំ​១៩៩០​។​ក្រោយពី​មានការ​ចុះផ្សាយ​បែបនេះ តា​ប៊ុ​យ មានការ​ចាប់អារម្មណ៍​ក៏​ធ្វើការ​ចែករំលែក​ព័ត៌មាន​នេះ អម​ដោយសារ​បញ្ជាក់ថា «​បងប្អូន​មាន​ស្គាល់​លេខ​ទាក់ទង​គាត់​ទេ​?»​។ តាមរយៈ​នេះ ស្រាប់តែ​មានការ​រិះគន់​លោក​ឪ​សង្ឃ​ថា «​អាណា​ក៏​ដូច​អាណា​ដែរ ធ្វើ​ឯង​គ្រាន់បើ​ស្អី ការពារ​ព្រៃឈើ​ស្អី​។ គេច​មិន​ផុតពី​លុយ​ហើយ​និង​ស្រី​ទេ​។ អញ​លែង​ជឿ​ហើយ​ពួក​អា​ស្រលាញ់​ទឹកដី​ព្រៃឈើ​ខ្មែរ​អស់នេះ​»​។ «​លោក​បង​ទើប​សឹក​សោះ ការ​ប្រពន្ធ​ឡើង​ក្មេង​តា​ហ្មង​»៕​ប្រភព៖darareport