ក្មេងប្រុសម្នាក់ខំប្រឹងយកកុំព្យូទ័រទៅអង្គុយរៀនអនឡាញនៅក្បែរសាលារាល់ថ្ងៃ ដោយសារតែ

អាមេរិក ៖ ជាការពិតណាស់ដែលមានសិស្សថ្នាក់ទី៤ម្នាក់ រស់នៅរដ្ឋ New Mexico សហរដ្ឋអាមេរិក ត្រូវគេឃើញថាបានអង្គុយនៅខាងក្រៅសាលារបស់ខ្លួន ជារៀងរាល់ថ្ងៃ ដើម្បីបានអុីនធឺណេតសម្រាប់សិក្សាតាមអនឡាញ បន្ទាប់ពីឪពុកម្ដាយបាត់បង់ការងារដោយសារវិបត្ដិកូវីដ-១៩ ហើយពុំមានលទ្ធភាពក្នុងការបង់ថ្លៃអុីនធឺណេត។កុមារា Jonathan Endecott អាយុ៩ឆ្នាំ មកពីទីក្រុង Roswell ត្រូវបង្ខំចិត្ដអង្គុយនៅខាងក្រៅអគារនៃសាលាបឋមសិក្សា ដែលបានបិទទ្វារដោយសារជំងឺកូវីដ-១៩រាតត្បាត ព្រោះនៅផ្ទះរបស់គេមិនមានអុីនធឺណេតប្រើប្រាស់ឡើយ។

ជាក់ស្ដែងបច្ចុប្បន្ននេះ សាលាក្នុងស្រុករបស់គេ ក៏កំពុងបង្រៀនមេរៀនតាមប្រព័ន្ធអុីនធឺណេត ដូច្នេះវាជាមធ្យោបាយតែមួយគត់ ដែលឲ្យគេអាចចូលរៀនបាន។អ្នកស្រី Angel Endecott ដែលត្រូវជាម្ដាយបាននិយាយថា កូនប្រុសរបស់អ្នកស្រីគឺឯករាជ្យណាស់ ហើយគេបានដើរទៅរៀនដោយខ្លួនឯងតាំងពីឆ្នាំមុនមកម្ល៉េះ ហើយសព្វថ្ងៃនេះដែរ អ្នកស្រីរួមទាំងស្វាមី ដែលរស់នៅមិនឆ្ងាយពីសាលា ក៏មានអារម្មណ៍ថាធូរចិត្តជាមួយគេផងដែរ ដែលចំណាយពេលមួយថ្ងៃនៅទីនោះ ដោយអង្គុយនៅខាងក្រៅទ្វារខាងមុខសាលារៀន។យ៉ាងណាមិញ ការតស៊ូរៀនសូត្ររបស់កុមារារូបនេះ ពីមួយថ្ងៃទៅមួយថ្ងៃ ក៏ទទួលបានការយកចិត្ដទុកដាក់ ពីសំណាក់ថ្នាក់ដឹកនាំ និងគ្រូបង្រៀនក្នុងសាលាផងដែរ។

ជាក់ស្ដែង គ្រូបង្រៀនម្នាក់បានចែករំលែករូបភាពរបស់ Jonathan ទៅលើបណ្ដាញអុីនធឺណេត ដោយសរសេររៀបរាប់ថា៖
ក្មេងប្រុសរូបនេះ មិនមានអុីនធឺណេនៅផ្ទះទេ ដូច្នេះគេក្រោកពីព្រឹកហើយដើរមកសាលា ដើម្បីភ្ជាប់អុីនធឺណេត។ ដោយឡែគគេអង្គុយទីនោះ ជារៀងរាល់ថ្ងៃ ចាប់ពីម៉ោង ៨:០០នាទីព្រឹក រហូតដល់ម៉ោង ២:៤៥នាទីរសៀល។

រូបភាពរបស់ Jonathan បានបង្កើតឱ្យមានមូលនិធិមួយ ដើម្បីជួយដល់ក្រុមគ្រួសាររបស់គេ រហូតដល់មានសប្បុរសជនម្នាក់បានផ្តល់ប្រាក់រួចជាស្រេចទៅលើថ្លៃអុីនធឺណេត ដល់ក្រុមគ្រួសាររបស់ Jonathan សម្រាប់រយៈពេលមួយឆ្នាំផងដែរ។ ហើយបច្ចុប្បន្ននេះ ម្តាយរបស់ Jonathan ក៏បានបង្កើតការរៃអង្គាសប្រាក់នៅលើវេបសាយ GoFundMe ដើម្បីយកទៅផ្គត់ផ្គង់ដល់ការចំណាយប្រចាំថ្ងៃរបស់ពួកគេផងដែរ។ចាប់តាំងពីបានដំឡើងអុីនធឺណេតនៅផ្ទះរូចមក Jonathan ដែលសិក្សាមុខវិជ្ជាវិទ្យសាស្រ្ដ បាននិយាយថារូបគេឥឡូវនេះ រីករាយនឹងការសិក្សា ក៏ដូចជាជជែកលេងកម្សាន្តជាមួយមិត្ដភក្ដិ និងមិត្ដរួមថ្នាក់តាមប្រព័ន្ធអុីនធឺណេតណាស់៕ប្រភព៖khmerload