ជាបុរសអនាថាម្នាក់ប្រែក្លាយជាមហាសេដ្ឋីត្រឹមអាយុ ២១ ឆ្នាំបានចែករំលែកបទពិសោធន៍ផ្ទាល់ខ្លួនបែបនេះថា

អូស្ត្រាលី ៖ ជាការពិតណាស់ដែលបុរសវ័យ២១ឆ្នាំម្នាក់ ដែលធ្លាប់តែដេកនៅក្រោមស្ពាន បានក្លាយទៅជាសេដ្ឋីទាំងខ្លួននៅវ័យក្មេង។ប្រភពបានឲ្យដឹងថា លោក Harry Sanders រស់នៅក្នុងរដ្ឋមេលប៊ន ប្រទេសអូស្ត្រាលី។ កាលពីលោកអាយុ១៧ឆ្នាំ លោកគ្រាន់តែជាជនអនាថាម្នាក់ដែលតែងតែដេកនៅក្រោមស្ពានតែប៉ុណ្ណោះ ប៉ុន្ដែឥឡូវនេះលោកបានក្លាយទៅជានាយកប្រតិបត្តិនៅក្នុងក្រុមហ៊ុនរបស់លោកផ្ទាល់ Studiohawk។ដោយឡែកដើម្បីចែករំលែកបទពិសោធន៍សម្រាប់មនុស្សផ្សេងទៀត ដែលកំពុងស្ថិតក្នុងស្ថានភាពដូចជារូបគាត់កាលពីមុន លោកបានផ្ដល់គន្លឹះទាំង៥មានដូចជា៖

១. ស្លៀកពាក់តាមចំណង់ចំណូលចិត្តរបស់ខ្លួន។
២. គេងឲ្យបាន៨ម៉ោងក្នុងមួយថ្ងៃ។
៣. អានឲ្យបានច្រើននៃសៀវភៅណាដែលខ្លួនចូលចិត្តបំផុត។
៤. ដឹងច្បាស់ពីការចាយវាយទៅលើអ្វីមួយ និងកាត់បន្ថយការចាយវាយតាមដែលខ្លួនអាចធ្វើបាន។
៥. ស្វែងរកគោលដៅរបស់ខ្លួន។ ប្រសិនបើអ្នកធ្វើអ្វីមួយដើម្បីតែលុយ នោះអ្នកនឹងមិនអាចសម្រេចគោលដៅបានទេ។លោក Harry Sanders បាននិយាយថា៖

«ខ្ញុំមិនចូលចិត្តស្លៀកពាក់ខោអាវលក្ខណៈ​បែបអ្នកធ្វើការទេ ខ្ញុំតែងតែស្លៀកពាក់ខោអាវណាដែលធ្វើឲ្យខ្ញុំស្រួលខ្លួនពេលដែលទៅធ្វើការឬប្រជុំម្ដងៗ។ មនុស្សជាច្រើនគិតថា ការមិនសម្រាក និងធ្វើការបន្ថែមនៅពេលយប់ធ្វើឲ្យពួកគេជោគជ័យ ប៉ុន្ដែសម្រាប់ខ្ញុំគឺគេងពី៨ម៉ោង ឬលើសពីនេះក្នុងមួយថ្ងៃ។ កាលពីខ្ញុំអាយុ១៧ឆ្នាំ ខ្ញុំគឺជាជនអនាថាម្នាក់ដែលដេកក្រោមស្ពាន។ វាពិតជាគួរឲ្យខ្លាច និងពិបាកណាស់ ប៉ុន្ដែការប្រើប្រាស់ជីវិតជាជនអនាថាបែបនេះ​ បានបង្រៀនខ្ញុំឲ្យក្លាយជាមនុស្សរឹងមាំ តស៊ូ និងផ្លាស់ប្ដូរគំនិត ជំរុញខ្លួនឯងឲ្យក្លាយទៅជាមនុស្សថ្មីមួយទៀត។»ប្រភពបានបន្ដថា បច្ចុប្បន្ននេះ លោកកំពុងដំណើរការក្រុមហ៊ុន Studiohawk ដែលជាក្រុមហ៊ុនដៃគូសហការជាមួយក្រុមហ៊ុន Google។

កាលពីខែមុននេះ លោកទើបតែពង្រីកក្រុមហ៊ុននៅក្នុងទីក្រុងឡុងដ៏។ជាក់ស្ដែងកាលពីលោកវ័យ១៧ឆ្នាំ លោកបានចាប់អារម្មណ៍ខាងផ្នែកបច្ចេកវិទ្យា និងបើកដំណើរការក្រុមហ៊ុន Studiohawk។ ប៉ុន្ដែការងាររបស់លោកត្រូវបានរលាយ ក្រោយពីលោកបាត់បង់អស់ប្រាក់ជាច្រើន រួចក៏ធ្លាក់ខ្លួនលំបាកទៀតផង។យ៉ាងណាមិញ ក្រោយពីបរាជ័យនិងរស់នៅជាជនអនាថារួចមក លោកបាននាំមិត្តភក្ដិបង្កើតជាក្រុមមួយ និងទាក់ទងទៅអតិថិជនចាស់ៗ ដើម្បីចាប់ផ្ដើមមុខជំនួញឡើងវិញ។ ក្រោយពីអតិថិជនឃើញពីសមត្ថភាពដែលលោកមាន ចាប់តាំងពីពេលនោះមក លោកមានការងារធ្វើជាប់រហូតមក។ ក្នុងឆ្នាំ២០១៧ លោកបានបើកដំណើរការក្រុមហ៊ុន Studiohawk ឡើងវិញ និងដំណើរការយ៉ាងរលូនមកដល់សព្វថ្ងៃនេះ៕ប្រភព៖khmerload